សិរីសុវត្ថិ មុនីវង្ស ខែ មិថុនា 25, 2009
Posted by សុភ័ក្ត្រ in ព្រះមហាក្ស័ត្រិយ៍, ព្រះរាជបុត្រ.trackback

ព្រះនាមពេញ ព្រះករុណាព្រះបាទសម្ដេច ព្រះសិរីសុវត្ថិ មុនីវង្ស
ព្រះនាមដើម ស៊ីសុវត្ថិ មុនីវង្ស
ព្រះនាមក្នុងរាជ្យ ព្រះករុណាព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី
ឋានៈ ព្រះរាជបុត្រ, ព្រះមហាក្ស័ត្រិយ៍
ប្រសូត ២៧ ធ្នូ ១៨៧៥
សុវណ្ណគត ២៤ មេសា ១៩៤១ (៦៦ឆ្នាំ)
ព្រះមរណនាម ព្រះខត្តិយកោដ្ឋ
ព្រះបិតា សិរីសុវត្ថិ
ព្រះមាតា សម្ដេចព្រះវររាជិនី វ៉ាន់
រាជាភិសេក ២៥ កក្កដា ១៩២៨
គ្រងរាជ្យពី ១៩២៧ ដល់ ១៩៤១ (១៤ឆ្នាំ)
រជ្ជកាលមុន សិរីសុវត្ថិ
រជ្ជកាលបន្ទាប់ នរោត្ដម សីហនុ
![]()
ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស [អានថា៖ សិ-រ៉ី-សុ-វ៉ាត់-មុ-នី-វង់] ឬ ស្រីសុវត្ថិ មុនីវង្ស ឬ ស៊ីសុវត្ថិ មុនីវង្ស ស្ដេចព្រះរាជសម្ភព នាថ្ងៃទី២៧ ខែធ្នូ គ.ស.១៨៧៥ និងស្ដេចសុវណ្ណគតនាថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ ក្នុងព្រះជន្ម៦៦វស្សា នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ក្នុងព្រះបរមនាមថាព្រះករុណាព្រះខត្តិយកោដ្ឋ។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ សិរីសុវត្ថិ និងជាព្រះមហាក្ស័ត្រិយ៍អង្គទី៤នៃព្រះរាជអាណាចក្រកម្ពុជាឯករាជ្យ។
| ព្រះរាជប្រវត្តិ |
សម្ដេចព្រះសីរីសុវត្ថិ មុនីវង្ស ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី២៧ ខែធ្នូ គ.ស.១៨៧៥ នាព្រះមហាប្រាសាទខេមរិន្ទ្រ ព្រះបរមរាជវាំងក្រុងភ្នំពេញចតុម្មុខមង្គល។ ទ្រង់ជាព្រះរាជបុត្រនៃ សម្ដេចព្រះ សិរីសុវត្ថិ និងសម្ដេចព្រះវររាជិនី វ៉ាន់។
| ការសិក្សា |
ព្រះអង្គបានទៅសិក្សាយោធវិជ្ជានៅសាលា l’École Coloniale, ទីក្រុងប៉ារីស និង l’École d’Infanterie de Saint-Maixent, នៃសាធារណរដ្ឋបារាំង ព្រមទាំងបានក្លាយទៅជាមេទាហានមួយរូបនៃកងទ័ពប្រទេសនេះទៀតផង។
| ការឡើងគ្រងរាជ្យ |
ក្រោយពីព្រះរាជបិតា ព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ សោយទិវង្គតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ ក្រុមប្រឹក្សារាជបល្ល័ង្ក ដែលស្ថិតនៅក្រោមអធិបតីភាពនៃលោក លើហ្វូល Le Fol រេស៊ីដង់ស៊ុប៉េរីយឺរ បានជ្រើសរើសព្រះអង្គឲ្យឡើងសោយរាជ្យស្នងព្រះបិតា រហូតដល់ទ្រង់សោយទិវង្គតនាឆ្នាំ១៩៤១។
ពិធីរាជាពិសេក បានប្រារព្ធធ្វើឡើងនៅព្រះនីន័ងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចតុម្មុខ ក្រុងភ្នំពេញ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩២៨ នៅចំពោះមុខលោកអគ្គទេសាភិបាលឥណ្ឌូចិន និងលោករេស៊ីដង់ស៊ុប៉េរីយឺរនៃប្រទេសខ្មែរ ព្រមទាំងព្រះចៅមហាជីវិតនៃព្រះរាជអាណាចក្រលាវផងដែរ។
ព្រះអង្គមានព្រះបរមនាមថា៖ «ព្រះករុណាព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី»
| គ្រឿងឥស្សរិយយស |
- គ្រឿងឥស្សរិយយស Legion of Honour នៃសាធារណរដ្ឋបារាំង
- គ្រឿងឥស្សរិយយសនាគរាជនៃប្រទេសអណ្ណាម
- គ្រឿងឥស្សរិយយសដំរីរាប់លាន និងសេតក្លស់នៃព្រះរាជអាណាចក្រលាវ
- គ្រឿងឥស្សរិយយស Leopold ប្រទេសបែហ្សិក ឆ្នាំ១៩៣៥
- គ្រឿងឥស្សរិយយសថ្នាក់លេខមួយនៃប្រទេសស៊ុយអែត ឆ្នាំ១៩១២
- គ្រឿងឥស្សរិយយសព្រះអាទិត្យរះ ថ្នាក់លេខ២ នៃប្រទេសជប៉ុន
- គ្រឿងឥស្សរិយយស Nichan el-Anouar
- គ្រឿងឥស្សរិយយសផ្នែកអក្សរសាស្ត្រ និងសិល្បៈ និងកសិកម្មនៃសាធារណរដ្ឋបារាំង
- គ្រឿងឥស្សរិយយសថ្នាក់មាសរបស់សហព័ន្ធឥណ្ឌូចិន
| សមិទ្ធផលនានា |
នៅក្នុងរជ្ជកាលព្រះអង្គព្រះរាជអាណាចក្រកម្ពុជាបានបន្តកសាងប្រទេស ហើយព្រះអង្គត្រូវបានប្រសិទ្ធនាមថាជាក្ស័ត្រិយ៍សាងសង់។
- វិស័យកសិកម្ម
ក្នុងវិស័យកសិកម្មនេះ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់បានដាក់ឲ្យបង្កើតផលឡើងវិញនៅដីស្រែធំទូលាយដែលត្រូវជនជាតិខ្មែរបោះបង់ចោល ដោយត្រូវភៀសខ្លួនគេចឲ្យផុតពីខ្មាំងឈ្លានពាន ឬដោយត្រូវចាប់យកទៅប្រទេសសៀមជាឈ្លើយ។ ដូច្នេះ តំបន់ខ្លះ ដូចជាត្រពាំងជង ជាដើម (ក្នុងខេត្ដពោធិសាត់) បានក្លាយទៅជាមណ្ឌលកសិកម្ម និងពាណិជ្ជកម្មមួយយ៉ាងសំខាន់។ នៅឆ្នាំ១៩៣០ ព្រះអង្គទ្រង់បានប្រកាសឲ្យប្រើនូវព្រះរាជបញ្ញត្ដិ ដែលបង្កើតធនាគារសម្រាប់ផ្ដល់ឥណទានឲ្យកសិករនៅបាត់ដំបង ព្រៃវែង និងកំពង់ចាម)។
- វិស័យគមនាគមន៍
ក្នុងវិស័យគមនាគមន៍ បណ្ដាញផ្លូវថ្នល់ត្រូវគេពង្រីកយ៉ាងខ្លាំង។ ផ្លូវរថភ្លើងទី១ ពីភ្នំពេញទៅព្រំដែនសៀមដោយកាត់តាមបាត់ដំបងត្រូវបានស្ថាបនាឡើងនៅគ.ស.១៩៣២។ ផ្លូវនេះមានប្រវែង២៧៥គ.ម។ ក្រៅពីនេះ ស្ពានធ្វើពីបេតុងជាច្រើនក៏ត្រូវបានស្ថាបនាដែរ ជាពិសេសស្ពានដែលឆ្លងកាត់ទន្លេបាសាក់ (ប្រវែង ២៩៣ម) ហើយមានឈ្មោះថាស្ពានមុនីវង្ស ត្រូវបានសម្ពោធនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩២៨។
- វិស័យនយោបាយ និងវប្បធម៌
ក្នុងវិស័យនយោបាយ និងវប្បធម៌ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ក៏ទ្រង់បានសាងសមិទ្ធិយ៉ាងសំខាន់ៗណាស់ដែរដូចជា៖
- សភាសម្រាប់ឲ្យយោបល់មួយ (សភាខ្មែរ) តាមរាជបញ្ញត្ដិថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩២៨ មានភារៈផ្ដល់យោបល់ពីបញ្ហាពន្ធដា បញ្ហារដ្ឋបាល ឬបញ្ហាបង្កើតផលទាក់ទងនឹងជីវភាពប្រជារាស្រ្ដខ្មែរ។ សភានេះមានសមាជិក៤៦នាក់: ក្នុងចំណោមនេះ ៤១នាក់ ត្រូវបោះឆ្នោតជ្រើសរើសដោយបញ្ញវន្ដខ្មែរ និង៥នាក់ទៀត ត្រូវបានតែងតាំងដោយគណៈរដ្ឋមន្រ្ដី។
- ក្រុមជំនុំព្រះត្រៃបិដក ដែលត្រូវបានបង្កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩២៩ ហើយដែលមានភារៈបកប្រែព្រះត្រៃបិដក (វិន័យបិដក សុត្ដបិដក និងអភិធម្មបិដក) សព្វថ្ងៃនេះគម្ពីរទាំង៣នេះ ត្រូវបានបកប្រែចប់សព្វគ្រប់ ហើយមានទាំងអស់១១០ក្បាល។
- វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៣០ ហើយដែលមានភារៈធ្វើការសិក្សាស្រាវជ្រាវពីព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាតែម្ដង មិនបាច់ចេញទៅបរទេសដូចមុនៗទៀត។ ក្នុងឆ្នាំដដែល តាមរាជបញ្ញត្ដិថ្ងៃទី១៦ ខែធ្នូ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់បានរៀបចំនូវការសិក្សាភាសាបាលី និងព្រះពុទ្ធលទ្ធិក្នុងខេត្ដទាំងឡាយនៃព្រះរាជអាណាចក្រ។ ដោយហេតុនោះ មានការបង្កើត សាលាអនុវត្ដសម្រាប់ព្រះសង្ឃដែលនៅទីនោះព្រះសង្ឃគ្រូបានទៅសិក្សាពីវិធីបង្រៀនតាមបែបទំនើប។
| ពិរាល័យ |
នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និងទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។
ដោយឈឺព្រះទ័យ នឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាពត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅបូកគោក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។
តាមរូបភាពឯកសារមួយចំនួន យើងឃើញថា ព្រះរាជពិធីត្រូវបានធ្វើឡើងតាមគន្លងរាជបវេណីបុរាណរៀងមក ស័ក្ដិសមព្រះកិត្តិយសជាស្ដេចផែនដី ដោយមានពិធីដង្ហែរព្រះកោដ្ឋព្រះបរមសពទៅដាក់នៅទីព្រះមេរុ ដើម្បីធ្វើពិធីថ្វាយព្រះភ្លើងជាដើម។
ព្រះករុណាព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់មានព្រះបរមមរណនាមថា “ព្រះបរមខត្តិយកោដ្ឋ” ឬ “ហ្លួងខត្តិយកោដ្ឋ”។
| ព័ត៌មានទាក់ទង |

[...] [...]
[...] ព្រះបរមសពព្រះបាទស៊ីសុវត្ថិ * ខែ មេសា 24, 2009 Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អតីតភាព, អំពីស្រុកខ្មែរ. trackback កកន៖ ខាងក្រោមនេះជាអត្ថបទបកប្រែពីកាសែត TIME ដ៏ល្បីដែលបានចុះផ្សាយពីព្រះរាជពិធីថ្វាយព្រះភ្លើងនៃព្រះករុណាព្រះបាទព្រះស៊ីសុវត្ថិ មុនីវង្ស នៃកម្ពុជា កាលពីថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ១៩៤១។ ខ្ញុំសូមប្រែជាខេមរភាសា ទុកក្នុងទីនេះដើម្បីជាឯកសារ ឬលោកអ្នកអាចអានជាភាសាអង់គ្លេសនៅទីនេះ។ [...]
[...] (ក្រោយពីសុវណ្ណគត១ខែ) ព្រះ សិរីសុវត្ថិ មុនីវង្ស ក្សត្រិយ៍ព្រះអង្គថ្មី [...]
[...] ១៩៤១ ដល់ ១៩៦០ (១៩ឆ្នាំ) រជ្ជកាលមុន សិរីសុវត្ថិ មុនីវង្ស រជ្ជកាលបន្ទាប់ នរោត្ដម សុរាម្រឹត [...]
[...] ត្រូវបាន សម្តេចក្រុមហ្លួង សិរីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គ [...]
[...] ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស [...]
[...] សិរីសុវត្ថិ មុនីវង្ស [...]
[...] ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស នៅឯប្រាសាទខេមរិន្ទ្រ [...]
[...] ២៧ មេសា ១៩៧៥ (៧១ឆ្នាំ) ព្រះបិតា សិរីសុវត្ថិ មុនីវង្ស ព្រះមាតា នរោត្ដម កាញ្ចនវិមាន [...]
[...] ២៧ មេសា ១៩៧៥ (៧១ឆ្នាំ) ព្រះបិតា សិរីសុវត្ថិ មុនីវង្ស ព្រះមាតា នរោត្ដម កាញ្ចនវិមាន [...]
[...] ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស [...]