អង្គ ដួង ខែ មីនា 12, 2009
Posted by សុភ័ក្ត្រ in ព្រះមហាក្ស័ត្រិយ៍.trackback

ព្រះនាមពេញ ព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សាធិបតី ព្រះអង្គ ដួង
ព្រះនាមដើម ដួង
ព្រះនាមក្នុងរាជ ព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាមហាឥស្សាធិបតីស្រីសុរិយាបរមធ្មិស្សាវរបរមសុរិន្ទ្រាភូវណៃមហាចក្រពត្តិពិសេនាសាធិបាឥស្សរាកម្ពុជរាជាណាចក្រ ឧភតោសុជាតិរវវរ្ម័ន តម្រង់កម្ពុជាមហាប្រទេសសុរិយាណាចក្រភូមិន្ទរាជវិវឌ្ឍន៍ អធិរាជរាមាមហាកាមារដ្ឋធិបាតនរិន្ទ្រា រាជវិសុទ្ធបរមពោធិ ព្រះចៅក្រុងកម្ពុជាធិប្ឌី
ប្រសូត ១៧៩៦
សុវណ្ណគត ១៩ តុលា ១៨៦០
ព្រះបរមមរណនាម ព្រះករុណាបរមកោដ្ឋ ឬ ហ្លួងបរមកោដ្ឋ
ព្រះបិតា អង្គ អេង
រាជាភិសេក ១៨៤៧
គ្រងរាជ្យពី ១៨៤៧ ដល់ ១៨៦០
រជ្ជកាលមុន អង្គ ម៉ី
រជ្ជកាលបន្ទាប់ នរោត្ដម
![]()
ព្រះបាទ សម្ដេចព្រះហរិរក្សរាមាធិបតី ព្រះអង្គ ដួង [អានថា៖ អង់ ដួង] ស្ដេចព្រះរាជសម្ភព នាគ.ស.១៧៩៦ និងស្ដេចសុវណ្ណគតនាថ្ងៃទី១៩ ខែតុលា ឆ្នាំ១៨៦០ នៅឯព្រះបរមរាជវាំងក្រុងឧដ្ដុង្គមានជ័យ ក្នុងព្រះបរមនាមថាព្រះករុណាបរមកោដ្ឋ ឬហ្លួងបរមកោដ្ឋ។ ព្រះអង្គ ដួង ជាបឋមក្ស័ត្រិយ៍នៃព្រះរាជអាណាចក្រកម្ពុជាឯករាជ្យ ក្រោយការត្រួតត្រាពីសំណាក់ប្រទេសស្យាម និងអណ្ណាម។
| ព្រះរាជប្រវត្តិ |
សម្ដេចព្រះហរិរក្សរាមាធិបតី អង្គ ដួង ព្រះអង្គព្រះរាជសម្ភពកាលពីគ.ស.១៧៩៦ ទ្រង់ជាព្រះរាជបុត្រនៃ សម្ដេចព្រះនារាយរាមាធិបតី ព្រះអង្គ អេង និងជាព្រះអនុជនៃសម្ដេចព្រះឧទ័យរាជា ព្រះអង្គ ច័ន្ទ។
| ព្រះរាជនិពន្ធ |
ព្រះអង្គ ដួង ទ្រង់ជាអ្នកនិពន្ធខ្មែរដ៏មានព្រះនាមល្បី។ ទ្រង់និពន្ធកំណាព្យ និងអក្សរសិល្ប៍ជាច្រើនទៀតដែលមានគុណតម្លៃដ៏មហិមាសម្រាប់ខេមរជន និងខេមរប្រទេសរហូតមកដល់បច្ចុប្បន្ន។ ស្នាដៃរបស់ទ្រង់រួមមាន រឿងកាកី និងរឿងនាងកង្រី ជាដើម។
| ព្រះរាជបុត្រ |
ព្រះរាជឱរស និងព្រះរាជធីតានៃសម្ដេចព្រះហរិរក្សរាមាធិបតី មានចំនួនទាំងអស់២០ព្រះអង្គ ប្រសូតពីព្រះមហេសី៣ព្រះអង្គ។ ព្រះរាជឱរសពីររបស់ព្រះអង្គក្រោយមកបានក្លាយជាព្រះមហាក្ស័ត្រិយ៍នៃព្រះរាជអាណាចក្រកម្ពុជា គឺ៖
- ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម ព្រហ្មបរិរក្ស ព្រះចៅក្រុងកម្ពុជាធិបតី (អង្គ រាជាវតី)
- ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី (អង្គ ស៊ីសុវត្ថិ)
| ព្រឹត្តិការណ៍ក្នុងរាជ្យ |
ក្នុងរាជ្យព្រះករុណា ព្រះបាទ អង្គ ដួង ក្រោយពីប្រទេសបានឯករាជ្យពីសំណាក់ស្យាម និងអណ្ណាម, ព្រះអង្គទ្រង់គិតគូរកសាងព្រះរាជអាណាចក្រឡើងវិញ ដូចជាការសាងសង់វត្តអារាម ផ្លូវថ្នល់ជាដើម។ ជាពិសេសនោះទ្រង់បានគិតគូរក្នុងការទាក់ទងជាមួយបារាំងដើម្បីជួយទំនុកបម្រុងកម្ពុជា ដ្បិតព្រះអង្គមិនជឿទុកចិត្តស្យាម និងអណ្ណាមទេ ក៏ប៉ុន្តែព្រះរាជបំណងរបស់ទ្រង់មិនទទួលបានសម្រេចដោយសារបារាំងធ្វើឲ្យបែកការ។
| សមិទ្ធផលនានា |
- កសាងកំពង់ផែកំពត និងបញ្ជាឲ្យសាងសង់សំពៅសមុទ្ទធំមួយដើម្បីកម្ពុជាមានទំនាក់ទំនងទៅប្រទេសខាងក្រៅ ក្រោយពីអណ្ណាមបានបិទច្រកសមុទ្ទខ្មែរ នៅឯព្រៃនគរ
- សាងសង់ផ្លូវវែងចម្ងាយ១៤០គីឡូម៉ែត្រដើម្បីភ្ជាប់កំពង់ផែកំពត ទៅនឹងរាជធានីឧដ្តុង្គ មានស្ពានធ្វើអំពីឈើ និងសាលាសំណាក់សង់នៅក្បែរត្រពាំងមួយ និងដាក់បង្គោលគីឡូម៉ែត្រ រួចទ្រង់ប្រគល់ឲ្យភូមិដែលនៅក្បែរៗផ្លូវនោះមើលថែរក្សាឲ្យបានល្អ និងផ្លាស់វេនគ្នាយាមសាលាសំណាក់ ដើម្បីបម្រើអ្នកធ្វើដំណើរ
- ចំណាយថវិកាលើកដីសង់ផ្លូវពីរាជវាំងឧដ្ដុង្គ មកកាន់កំពង់ហ្លួង
- បង្កើតសាលាឧទ្ធរណ៍ នាឆ្នាំ១៨៤៧ ហើយព្រះអង្គយាងចូលរួមប្រសិនបើចាំបាច់
- រៀបចំកម្មវិធីសិក្សាឡើងវិញសម្រាប់ព្រះសង្ឃ ដោយមានការយល់ព្រមពីសំណាក់ព្រះសង្ឃ
- ទ្រង់បញ្ជាឲ្យសាងសង់សាលាឆទានដើម្បីទ្រង់បានយាងទៅចែកបាយសំឡ និងក្រមាដល់អ្នកបួស និងទុគ៌តជន នៅក្នុងឆ្នាំ១៨៤៩ នៅពេលដែលព្រះនគរកំពុងរងជំងឺប៉េស្តបណ្ដាលឲ្យប្រជារាស្ត្រស្លាប់ជាង៥០០នាក់
- សាងសង់បន្ទាយជាច្រើនដើម្បីការពារពីការឈ្លានពានពីសត្រូវ
| ការគ្រប់គ្រងរបស់ទ្រង់តាមបែបពុទ្ធសាសនា |
ព្រះករុណា ព្រះអង្គ ដួង ទ្រង់ម៉ឺងម៉ាត់ណាស់ចំពោះអ្នកណាដែលបំពានច្បាប់ ហើយបានដាក់ទោសធ្ងន់ៗដល់មន្ត្រីធំណាដែលមិនគោរពរាជបញ្ជា។ ក៏ប៉ុន្តែព្រះអង្គប្រកបទៅដោយយុត្តិធម៌ មានព្រះទ័យល្អចំពោះអ្នកក្រីក្រ ទ្រង់មានអំណត់អត់ធន់ចំពោះអ្នកទាំងនោះ។
ការគ្រប់គ្រងរបស់ព្រះអង្គត្រូវបានគិតគូរតាមបែបព្រះពុទ្ធសាសនា ដោយទ្រង់ជាអ្នកជឿជាក់លើពុទ្ធសាសនាយ៉ាងម៉ឺងម៉ាត់ ដូចជា៖
- ព្រះអង្គបានដកអ្នកល្ងង់ខ្លៅ និងអ្នកគ្មានសមត្ថភាពចេញពីកិច្ចការរាជការ ហើយបានបដិសេធជំនូនផ្សេងៗ ដែលពួកចៅហ្វាយខេត្តតែងតែថ្វាយព្រះរាជានៅពេលដែលទ្រង់ប្រទានត្រា
- ព្រះអង្គមិនអត់ឱនឲ្យទេចំពោះការប្ដឹងផ្ដល់ដែលធ្វើឡើងមិនត្រឹមត្រូវ សរសេរមិនត្រូវតាមក្បួនខ្នាត ពីព្រោះព្រះអង្គមិនចង់ឲ្យសរសេរចម្លងតាមតែគ្នាមិនច្បាស់លាស់ ចង់ប្ដឹងផ្ដល់ត្រូវរត់ទៅរកអ្នកចេះដឹងឲ្យគេសរសេរពាក្យឲ្យ
- ព្រះអង្គហាមប្រាមមន្ត្រីរាជការមិនឲ្យផឹកសុរា អ្នកណាជក់អាភៀនត្រូវបណ្ដេះចោល ទ្រង់តឹងតែងត្រង់ចំណុចនេះរហូតទាល់តែគ្មានមន្ត្រីណាម្នាក់ជក់អាភៀនទេ ក្នុងរជ្ជកាលព្រះអង្គ
- ទ្រង់បានហាមមិនឲ្យធ្វើធ្នស់បិទជិតស្ទឹងទេ ដើម្បីឲ្យមានត្រីមួយចំនួនរួចផុតពីអ្នកនេសាទ និងដើម្បីឲ្យត្រីអាចធ្វើចរាចរទៅមកបានផង
- ទ្រង់ក៏បានហាមប្រាមការបរបាញ់សត្វផងដែរ
| កំណែទម្រង់រាជការ |
នៅទូទាំងព្រះនគរ ព្រះអង្គទ្រង់បានចាត់កំណែទម្រង់ និងរៀបចំព្រះរាជវាំងកម្ពុជាឲ្យមានរបៀបរៀបរយឡើងវិញ និងជួយស្ដារកិត្តិនាមដែលបានបាត់បង់អស់កាលជាយូរមកហើយដោយសារសង្គ្រាម។
កំណែទម្រង់ក្នុងព្រះរាជសំណាក់
- នៅក្នុងឆ្នាំ១៨៤៨ ទ្រង់បានសម្រេចប្ដូរពិធីការឲ្យគេហៅព្រះរាជាថា “ ព្រះករុណាវិសេស” និង “ អង្គម្ចាស់ជីវិតលើត្បូង” វិញ
- ព្រះរាជមាតាទទួលព្រះឋានៈជា ” ព្រះវររាជជននី” ហើយទ្រង់មានត្រាមួយមានរូបកិន្នរីផង
- ព្រះរាជបុត្រីច្បង ព្រះអង្គថ្វាយព្រះឋានៈថា “ សម្ដេចព្រះរាជធីតា”
- ព្រះជាយារបស់ព្រះអង្គ អ្នកម្នាង ប៉ែន ដែលជាមាតារបស់ព្រះរាជបុត្រាច្បង ទ្រង់បានលើកឲ្យឡើងជា “ ព្រះជាតិក្សត្រី”
- អ្នកម្នាង ពៅ មាតារបស់ព្រះរាជបុត្រាបន្ទាប់ ទ្រង់លើកឡើងជា “ ព្រះអច្ឆរាអក្សរ”
- ទ្រង់បានរៀបចំព្រះរាជសង្ហារសម្គាល់អ្នកទាំងអស់នោះ ព្រមទាំងពាក្យពេចន៍ដែលត្រូវប្រើផង គឺឆ្លើយថា “ ព្រះបាទម្ចាស់” ចំពោះបុរស និង “ ព្រះម៉ែ” ចំពោះនារី
- ទ្រង់បានរៀបចំឋានៈស្ត្រីៗ នៅក្នុងព្រះបរមរាជវាំង ហើយបានសម្រេចឲ្យហៅភរិយារបស់មន្ត្រីស័ក្ដិ៤ដល់ស័ក្ដិ១០ថា “ ជំទាវ” ហើយបានអនុញ្ញាតឲ្យអ្នកទាំងនោះបង់កន្សែងពណ៌, ពាក់រយ៉ាមាស ដោតផ្កាលើសក់ ហើយមានប្រអប់ស្លាដូចរបស់ប្ដីដែរ នៅពេលចូលមកក្នុងវាំង
- ព្រះអង្គបានឲ្យកាត់បន្ថយក្បួនមន្ត្រីធំៗ ហើយចេញបញ្ជាឲ្យពួកមន្ត្រីទាំងនោះត្រូវស្លៀកខោវែងធំទូលាយ មានជរមាស ឬស្លៀកសំពត់សូត្រ នៅពេលមានពិធីផ្សេងៗ ពាក់អាវពណ៌ ក្រវាត់កំណាត់សំពត់ប៉ាក់ឌិនពណ៌មាស ក្រវាត់ដាវនៅចង្កេះ ទៅណាមកណាជិះគ្រែស្នែង បាំងក្លស់ពណ៌ក្រហមមួយជាន់
កំណែទម្រង់ព្រះនគរ
- ព្រះអង្គបានរៀបចំខេត្តសាជាថ្មី ខេត្តណាធំទ្រង់ឲ្យចែកជា២ ឬ៣ ស្រុក។ រួចហើយទ្រង់បានដាក់ឲ្យស្ថិតនៅក្រោមឱវាទមន្ត្រីធំៗត្រួតត្រា

- ព្រះអង្គបានកំណត់កាលបរិច្ឆេទព្រះរាជពិធីទ្វារទសមាសទាំង១៧ ហើយបានឲ្យយកចិត្តទុកដាក់គោរពថ្ងៃសីល និងសិក្ខាបទ
- ឆ្នាំ១៨៥៣ ទ្រង់បានឲ្យបោះពុម្ពកាត់សំប៉ែតជាប្រាក់សុទ្ធបីប្រភេទ ដែលមានតម្លៃនៅពេលនោះស្មើនឹង៤ហ្វ្រង់, ១ហ្វ្រង់ និង៥កាក់។ នៅលើមុខម្ខាង មានរូបហង្សកវែងដូចរូបហង្ស ដែលគេតែងតែដាក់នៅលើចុងដងទង់ខាងមុខព្រះវិហារ។ នៅលើមុខម្ខាងទៀត មានរូបប្រាសាទបុរាណកំពូល៣ ដែលតំណាងអង្គរវត្ត
| ព្រះមហេសី |
| ពិរាល័យ |
នៅកាលគ្រាដែលព្រះអង្គបានយាងទៅកំពត ដើម្បីទៅទតមើលសំពៅពាណិជ្ជកម្មមួយ ដែលទ្រង់បានឲ្យគេធ្វើឡើង រួចប្រគល់ឲ្យជនម៉ាឡេម្នាក់នៅត្រីកាកាន់កាប់។ នៅទីនោះព្រះអង្គបានជួបជាមួយអ្នកស្រាវជ្រាវមូហូត ជជែកជាមួយបានបន្តិច ទ្រង់ក៏បញ្ជាឲ្យគេផ្ដល់មធ្យោបាយដល់គាត់ធ្វើដំណើរមកឧដ្ដុង្គទៀត។
នៅពេលយាងត្រឡប់មកកាន់រាជធានីវិញ ក្រោយពេលដែលលោកមូហូត ចូលគាល់ព្រះអង្គនៅនឹងព្រះរាជដំណាក់ធ្វើពីឈើបានបន្តិច ព្រះបាទអង្គ ដួង ក៏ធ្លាក់ព្រះកាយប្រឈួន ហើយបានសុគតនៅឆ្នាំ១៨៦០ ត្រូវនឹងមហាសករាជ១៧៨២ ចុល្លសករាជ១២២២ (ក្នុងខែកត្ដិក ៥កើត)។
ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពព្រះអង្គ ត្រូវបានធ្វើឡើងក្នុងរជ្ជកាលព្រះបាទ នរោត្ដម និងទ្រង់បានថ្វាយព្រះបរមនាមថា “ ព្រះករុណាបរមកោដ្ឋ” ឬ “ ហ្លួងបរមកោដ្ឋ“ ។
ចេតិយ៍តម្កល់ព្រះអដ្ឋិព្រះអង្គ ត្រូវបានសាងសង់ និងតម្កល់នៅឯព្រះមហាបរមរាជវាំង នាក្រុងភ្នំពេញចតុម្មុខមង្គល។
| ព័ត៌មានទាក់ទង |
- ព្រះអង្គអេង, ភាគ១ និងភាគ២
- ព្រះមហាគ្រួសារព្រះបាទអង្គ ដួង
- ប៉ែន «ព្រះជាតិក្សត្រី»
- ពៅ
| កំណែចុងក្រោយ |
- ២០ សីហា ២០០៩

[...] នឹងអភិសេកឲ្យព្រះអង្គ ដួង [...]
[...] ដួង (ព្រះអង្គ ដួង) ឱរសអ្នកអង្គ អេង [...]
[...] សម្ដេចព្រះមហាសង្ឃរាជ និល ទៀង [អានថា៖ និល ទៀង] នៃគណៈមហានិកាយ (ប្រសូត ថ្ងៃសៅរ៍ ៧កើត ឆ្នាំវក ឆស័ក ព.ស.២៣៦៨/គ.ស.១៨២៤ សុគត ថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧/២ តុលា គ.ស.១៩១៣) ជាសម្ដេចព្រះសង្ឃរាជអង្គទី១ នៃគណៈមហានិកាយ នៃព្រះរាជអាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤០១ ដល់ ព.ស.២៤៥៧ ក្នុងរជ្ជសម័យព្រះមហាក្ស័ត្រិយ៍៣ព្រះអង្គ គឺ ១. ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង ២. ព្រះបាទសម្ដេចព្រះ នរោត្ដម ៣. ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ។ [...]
[...] ព្រះអង្គ ដួង [...]
[...] ព្រះសុវណ្ណកោដ្ឋ ព្រះបិតា អង្គ ដួង ព្រះមាតា ប៉ែន រាជាភិសេក វិច្ឆិកា [...]
[...] ព្រះបិតា ព្រះអង្គ ដួង ព្រះមាតា ពៅ រាជាភិសេក ២៨ មេសា ១៩០៦ [...]
[...] នៅក្នុងឆ្នាំ១៨៥៦ បានសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង បានធ្វើព្រះរាជសុភអក្សរ ថ្វាយព្រះចៅក្រុងសៀម សូមព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឲ្យព្រះមហា ប៉ាន បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ [...]
[...] លុះព្រះជន្មបាន ៦ វស្សា ព្រះបាទសម្ដេចជាអម្ចាស់ជីវិតលើត្បូងព្រះវររាជបិតា ព្រះបាទសម្ដេចព្រះករុណា ព្រះបរមកោដ្ឋឲ្យទទួលព្រះអង្គមកបីបាច់រក្សា ទ្រង់ស្ដេចមកគង់នឹងចៅឃុនព្រះបរមស្រីកញ្ញា នៅវាំងកែវព្រះភ្លើង នៅថ្ងៃ ១ កើត ខែបុស្ស ឆ្នាំឆ្លូវ នពស័ក ព.ស.២៤២០ ចៅឃុនបានឲ្យទ្រង់រៀនអក្សរខ្មែរ ព្រះជន្មបាន ៩ វស្សា ទ្រង់ទតអក្សរដាច់សរសេរកើតល្មមប្រើការបាន។ [...]
[...] ពិរាល័យ ២៧ មិថុនា ១៨៩៥ ព្រះស្វាមី អង្គ ដួង បុត្រ [...]
[...] ប្រសូត ១៨៣៩ ពិរាល័យ ១៩០២ ព្រះបិតា អង្គ ដួង ព្រះមាតា ប៉ែន ព្រះស្វាមី [...]
[...] ២៣ មិថុនា ១៨៦៨ (៤៩ឆ្នាំ) ព្រះស្វាមី អង្គ ដួង បុត្រ [...]
[...] ញ៉ុញ ដែលជាបុត្ររបស់ហ្លួង អង្គដូង ហេតុដូចនេះ ខួង អភ័យវង្ស [...]
[...] ដូចជាចាប់ពីហ្លួង អង្គដួង មក ទ្រង់មានព្រះបរមមរណនាមជា [...]
[...] ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ អង្គ ដួង [...]